កម្ពុជាសម័យអាណានិគមបារាំង

កម្ពុជាសម័យអាណានិគមបារាំង
មាតិកា [លាក់]
១ ដំណើរមកដល់នៃអំណាចត្រួតត្រារបស់បារាំង
១.១ ស្ថានភាពនយោបាយខ្មែរ
១.២ ស្ថានភាពនយោបាយបារាំង
២ អំណាចត្រួតត្រារបស់បារាំង
២.១ ដំណាក់កាលទី១
២.១.១ ខ្លឹមសារសន្ធិសញ្ញាថ្ងៃទី ១១ សីហា ១៨៦៣
២.២ ដំណាក់កាលទី២
២.៣ ដំណាក់កាលទី៣
៣ បញ្ហាដែនដីកូសាំងស៊ីន និងព្រំប្រទល់
៤ ចលនាបះបោរប្រឆាំងនឹងបារាំងក្រោយសន្ធិសញ្ញាឆ្នាំ១៨៦៣ និង១៨៨៤
៤.១ ចលនាតស៊ូរបស់អាចារ្យស្វា(១៨៦៤ - ១៨៦៦)
៤.២ ចលនាបះបោររបស់ពោធិកំបោរ(១៨៦៥ - ១៨៦៧)
៤.៣ ចលនាបះបោររបស់ស៊ីវត្ថា(១៨៦១ - ១៨៩១)
៤.៤ ចលនាបះបោរផ្សេងៗទៀត
៤.៥ ព្រឹត្តិការណ៍ថ្ងៃទី១៨ មេសា ១៩២៥
៥ ឯកសារពិគ្រោះ
៦ មើលផងដែរ
[កែប្រែ]ដំណើរមកដល់នៃអំណាចត្រួតត្រារបស់បារាំង

[កែប្រែ]ស្ថានភាពនយោបាយខ្មែរ
រហូតមកដល់ស.វ. ទី១៩ គឺក្នុងរាជ្យព្រះបាទអង្គឌួង(១៨៤០ - ១៨៥៩) ប្រទេសខ្មែរនៅតែស្ថិតក្រោមអំណាចសៀម និងយួននៅឡើយ។ ពួកនេះនៅប្រចាំការអមព្រះអង្គ ដើម្បីសម្រេចកិច្ចការរបស់ខ្មែរ។ ចាប់តាំងពីបានឡើងសោយរាជ្យមក ព្រះបាទអង្គឌួងទ្រង់តូចព្រះទ័យយ៉ាងខ្លាំងចំពោះការបាត់បង់ទឹកដីយ៉ាងច្រើន ដែលពួកយួន និងសៀមប្រវ័ញ្ចយកទៅដោយខុសច្បាប់។ ព្រះអង្គបានខិតខំរកគ្រប់មធ្យោបាយដើម្បីរំដោះទឹកដី និងគេចឲ្យផុតពីភាពចំណុះគេនេះ។
នៅឆ្នាំ ១៨៥៤ បព្វជិតបារាំងម្នាក់ឈ្មោះមីស(Miche)ដែលស្និទ្ធនឹងព្រះអង្គឌួង បានថ្វាយយោបល់ដល់ព្រះអង្គឲ្យធ្វើទំនាក់ទំនងជាមួយព្រះចៅអធិរាជបារាំងណាប៉ូលេអុងទី៣ ដើម្បីឲ្យបារាំងជួយការពារប្រទេសកម្ពុជា។ ក្រោយពីទទួលលិខិតនិងដង្វាយ ណាប៉ូលេអុងទី៣បានបញ្ជូនគណៈប្រតិភូរបស់ខ្លួនគឺលោកដឺម៉ុងទីញី ឲ្យមកកម្ពុជាយ៉ាងរួសរាន់(១៨៥៥) ដើម្បីពិនិត្យស្ទាបស្ទង់ស្ថានភាព។ គ្រាន់តែលោកដឺម៉ុងទីញីមកដល់កំពតភ្លាម សៀមបានដឹងកិច្ចការនេះ ហើយបានប្រឆាំងយ៉ាងខ្លាំងក្លា។ សៀមបានកំហែងព្រះបាទអង្គឌួងថា បើព្រះអង្គចុះសន្ធិសញ្ញាសម្ព័ន្ធភាពនឹងបារាំងដែលមានដឺម៉ុងទីញីជាតំណាងនោះ សៀមនឹងលើកទ័ពចូលមកកម្ទេចខ្មែរមិនខាន ហើយពុំព្រមប្រគល់គ្រឿងរាជកកុធភ័ណ្ឌថ្វាយមកព្រះអង្គឡើយ។ ដូចនេះសៀមពុំបានធ្វើឲ្យព្រះបាទអង្គឌួងសម្រេចព្រះបំណងឡើយ។ នៅឆ្នាំ១៨៥៩ ព្រះបាទអង្គឌួងបានចូលទិវង្គត។ រាជបុត្រច្បងរបស់ព្រះអង្គ គឺព្រះអង្គច្រឡឹងឡើងគ្រងរាជសម្បត្តិស្នង ដោយមាននាមសម្រាប់រាជ្យថាព្រះបាទនរោត្ដម។
[កែប្រែ]ស្ថានភាពនយោបាយបារាំង
នៅគ្រប់ទីកន្លែង បារាំងបានប៉ះទង្គិចនឹងមហិច្ឆតារបស់អង់គ្លេសរហូតដល់ឆ្នាំ១៨៣០។ បារាំងមានបំណងបង្កើតអាណានិគមដ៏ធំទូលាយមួយនៅ អាហ្វ្រិច និងនៅអាស៊ីជាថ្នូរ នឹងអាណានិគមរបស់ខ្លួនដែលបានបាត់បង់នៅអាមេរិក(រដ្ឋល្វីស៊ីយ៉ានត្រូវលក់ទៅឲ្យអាមេរិក ឯរដ្ឋកាណាដាត្រូវអង់គ្លេសដណ្ដើមយក)។
នៅអាស៊ីបារាំងបានតម្រង់ទិសដៅមករកប្រទេសចិនភាគខាងត្បូង និងបណ្ដាប្រទេសនៅឥណ្ឌូចិនមានកម្ពុជា វៀតណាម ឡាវ សៀម។ នៅក្នុងប្រទេសទាំងនេះ មានបេសកបព្វជិតកាតូលិចចូលមកផ្សព្វផ្សាយសាសនាជាយូរមកហើយ និងយ៉ាងស្ងាត់កំបាំងតាមរយៈប្រជាជនដែលកាន់សាសនាយេស៊ូ។
បារាំងសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើន បន្ទាប់ពីបានចូលមកនៅជាអ្នកជិតខាងខ្មែរលើទឹកដីកូសាំងស៊ីន។ ទីមួយបារាំងយល់ថា ទន្លេមេគង្គជាផ្លូវទឹកមួយយ៉ាងសំខាន់អាចឲ្យគេជ្រៀតចូលទៅក្នុងប្រទេសចិនភាគខាងត្បូង។ ទី២ គេត្រូវកម្ចាត់គ្រោះថ្នាក់ទាំងឡាយដែលគំរាមកំហែងលើអាណានិគមថ្មីរបស់គេឲ្យអស់ ពិសេសបណ្ដាប្រទេសមកពីប្រទេសសៀម ដែលមានអធិរាជអង់គ្លេសនៅពីខាងក្រោយ។
ក្រោយមកនៅគ.ស. ១៨៦២ លោកឧត្ដមសេនីយត្រីបូណា ទេសាភិបាលនៃដែនដីកូសាំងស៊ីនចូលមកស្រុកខ្មែរ ក្ដាប់សភាពការណ៍ម្ដងទៀត ដោយឆ្លៀតឱកាសចូលគាល់សម្ដេចនរោត្ដមផង។
នៅដើមឆ្នាំ១៨៦៤ បារាំងបានគាបសង្កត់បាងកកតាមផ្លូវទូត និងផ្លូវយោធា ដើម្បីឲ្យបាងកកបញ្ជូនត្រា ព្រះខ័នរាជ្យ និងមដុករាជ្យ សម្រាប់ពិធីរាជាភិសេកព្រះបាទនរោត្ដម ជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គនាថ្ងៃទី៣ មិថុនា ១៨៦៤។
មកដល់ឆ្នាំ១៨៦៧ បារាំង និងសៀមបានស្រុះស្រួលយល់ព្រមចំពោះបញ្ហាខ្មែរ ដែលពីមុនមកមានទំនាស់ដោយសារសៀមមានអង់គ្លេសនៅពីក្រោយ ឯបារាំងចង់ផ្ទេរការកាន់កាប់ខ្មែរពីសៀម។ ម្យ៉ាងទៀត បរិយាកាសធូរស្រាលខ្លះៗ បានកើតមានឡើងរវាងបារាំង និងអង់គ្លេស ព្រោះ ប្រទេសទាំងពីរបានក្លាយទៅសម្ព័ន្ធមិត្តក្នុងការប្រឆាំងនឹងចិន គឺចលនាថៃភិញ(ឈ្មោះសមាគមសម្ងាត់នៅប្រទេសចិន ងើបឡើងប្រឆាំង នឹងអ្នកកាន់អំណាចជាតិផង និងពួកបរទេសផង)។ សន្ធិសញ្ញាថ្ងៃទី១៥ កក្កដា ១៨៦៧ មានន័យថាបារាំងព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបទៅឲ្យសៀម។ ឯសៀមព្រមទទួលស្គាល់សិទ្ធិរបស់បារាំងក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។ ម្យ៉ាងទៀតបារាំងសន្យាថាមិនបញ្ចូលប្រទេសខ្មែរជាអាណានិគមដូចកម្ពុជាក្រោមឡើយ។
[កែប្រែ]អំណាចត្រួតត្រារបស់បារាំង

[កែប្រែ]ដំណាក់កាលទី១
ដំបូងបារាំងប្រើវិធីត្រជាក់ក្នុងការអនុវត្តការត្រួតត្រាខ្មែរ។ ក្រោយពីត្រឡប់ទៅព្រៃនគរវិញ បារាំងបានកំណត់គោលការណ៍ពីរយ៉ាងគឺ៖
ដើម្បីបានបញ្ចូលដែនដីកូសាំងស៊ីនជាកម្មសិទ្ធិរបស់ខ្លួន បារាំងបានយកលេសមួយសមស្របមកកំណត់។ ពោលគឺបារាំងមានសិទ្ធិលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ព្រោះប្រទេសខ្មែរពីមុនមកធ្លាប់ជាសាមាន្តរដ្ឋរបស់យួន។
លោកទេសាភិបាល បូណាសង្កត់ធ្ងន់លើសេចក្ដីប្រាថ្នារបស់សៀមមកលើប្រទេសខ្មែរ ដែលប្រទេសបារាំងត្រូវតែការពារឯករាជ្យនៃប្រទេសនេះ ដែលមានការទំនាក់ទំនងទៅនឹងសន្តិភាពនៃដែនដីកូសាំងស៊ីន។

ក្រោយពីបានទូលថ្វាយហេតុផលសព្វគ្រប់ និងសូមព្រះអង្គព្រមដាក់ប្រទេសខ្មែរឲ្យបារាំងជួយការពារ បព្វជិតមីស(Miche) ទ្រង់បានថ្វាយគម្រោងសន្ធិសញ្ញាមួយ ហើយទ្រង់បានធ្វើការពិភាក្សាជាមួយព្រះរាជាខ្មែរ។ លុះដល់ថ្ងៃទី ១១ សីហា ១៨៦៣ លោកឡាក្រង់ឌីយ៊ែ(La Grandière) បានចុះហត្ថលេខាលើសន្ធិសញ្ញាក្នុងនាមលោកផ្ទាល់ ជាមួយនឹងសម្ដេចនរោត្ដមដែលបានយល់ព្រមទាំងញញើតញញើម។ នេះជាសន្ធិសញ្ញាលើកទី១ ដែលខ្មែរយល់ព្រមឲ្យបារាំងធ្វើអាណាព្យាបាល។
[កែប្រែ]ខ្លឹមសារសន្ធិសញ្ញាថ្ងៃទី ១១ សីហា ១៨៦៣
ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ព្រះចៅអធិរាជបារាំងបានសន្យាថានឹងរៀបចំប្រទេសកម្ពុជាឲ្យស្ថិតក្នុងសន្តិភាព និងរបៀបរៀបរយ ការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និងជួយខ្មែរក្នុងការហូតពន្ធគយ ផ្ដល់ភាពងាយស្រួល ក្នុងការធ្វើគមនាគមន៍តាមផ្លូវសមុទ្រ។
ជាថ្នូរវិញ ប្រទេសកម្ពុជាព្រមធ្វើសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វា និងបើកសិទ្ធិឲ្យបារាំងកាប់ឈើក្នុងព្រៃនៃព្រះរាជាណាចក្រកម្ពុជាដើម្បីយកទៅស្ថាបនាកប៉ាល់។

ទោះបីខាងភាគីខ្មែរចាញ់ប្រៀបខាងភាគីបារាំងខ្លះក៏ដោយ ក៏មតិខ្មែរខ្លះយល់ថា ខ្មែរអាចទទួលយកសន្ធិសញ្ញាថ្ងៃទី ១១ ខែ សីហា ១៨៦៣ ព្រោះបារាំងពុំបានទាន់ដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ។ តែក៏មានអ្នកស្នេហាជាតិបានក្រោកឈរកាន់អាវុធប្រឆាំងដែរ។
[កែប្រែ]ដំណាក់កាលទី២
នៅទសវត្សទី៩នៃសតវត្សទី១៩ សាធារណរដ្ឋទី៣នៃប្រទេសបារាំងមានស្ថិរភាពឡើងវិញហើយ។ អ្នកដែលឡើងកាន់អំណាចសុទ្ធជាបក្សពួកនិយមខាងពង្វាតអាណានិគមដូចជាលោកកំបែតាជាដើម។ ពួកនេះសម្រេចចិត្តថាត្រូវតែវាយដណ្ដើមយកតំបន់សេសសល់នៅឥណ្ឌូចិនមកកាន់កាប់ទៀត ហើយពង្រីកការត្រួតត្រានៅទីនោះឲ្យកាន់តែរឹងមាំឡើង
ទន្ទឹមនឹងការប្រហារទៅលើតុងកឹងជាលើកទី២ និងការវាយប្រហារទៅលើបន្ទាយនៅវ៉េ(១៨៨៣ - ១៨៨៥)។ នៅថ្ងៃទី១៧ មិថុនា ១៨៨៤ សាលថុំសុន(Charles Thomson) ទេសាភិបាលដែនដីកូសាងស៊ីន បានបញ្ជូនទាហានជើងទឹកមួយក្រុមឲ្យចូលទៅក្នុងវាំងទាំងកណ្ដាលអធ្រាត្រវេលាម៉ោង២២។ ពេលនោះប្រតិភូបារាំងម្នាក់បានបញ្ជាឲ្យដាស់ព្រះមហាក្សត្រដែលកំពុងផ្ទំលក់ ហើយបង្ខំឲ្យចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយទៀត។ សន្ធិសញ្ញានេះបានដកសិទ្ធិពីព្រះមហាក្សត្រ ដើម្បីឲ្យបារាំងធ្វើជាអ្នកអាណាព្យាបាលលើប្រទេសកម្ពុជាទាំងមូល។ ចាប់ពីពេលនោះ ប្រទេសកម្ពុជាជាអាណានិគមពិតប្រាកដរបស់បារាំង។
មាត្រាខ្លះក្នុងចំណោមមាត្រាទាំងអស់លើកកិច្ចព្រមព្រៀងនេះ មានខ្លឹមសារដូចជា៖
ព្រះមហាក្សត្រត្រូវទទួលស្គាល់ជាមុន នូវកំណែទម្រង់ផ្នែករដ្ឋបាល តុលាការ ហិរញ្ញវត្ថុ និងពាណិជ្ជកម្មដែលសាធារណរដ្ឋបារាំងយល់ថាគួរតែធ្វើក្នុងអនាគតកាល។
ក្នុងការគ្រប់គ្រងខេត្ត និងក្រសួងនានា មន្ត្រីខ្មែរត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរបារាំង។ ឯក្រសួងគយ ពន្ធដារ ក្រសួងសាធារណការ និងក្រសួងឯទៀតដែលប្រើវិស្វករ បានត្រូវបារាំងកាន់កាប់ដោយផ្ទាល់។
រដ្ឋាភិបាលបារាំងអាចតែតាំងរេស៊ីដង់(résident ប្រែថាអ្នកតំណាង) និងរេស៊ីដង់រងឲ្យត្រួតពិនិត្យមន្ត្រីខ្មែរនៅតាមទីរួមខេត្ត។
ចំណាយទាំងឡាយរបស់រាជការខ្មែរ និងរបស់រដ្ឋការអាណាព្យាបាលបារាំងជាបន្ទុករបស់ប្រទេសកម្ពុជា។
ព្រះរាជាត្រូវទទួលប្រាក់បៀវត្សដែលមានកម្រិតជាក់លាក់ ហើយមិនអាចខ្ចីប្រាក់ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលបារាំងឡើយ។
ដីធ្លីក្នុងព្រះរាជាណាចក្រទាំងមូល ពីដើមជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រ ឥឡូវពួកអាជ្ញាធរបារាំង និងខ្មែរអាចរៀបចំឲ្យមានកម្មសិទ្ធិឯកជនខាងដីធ្លី។
ក្រុងភ្នំពេញត្រូវគ្រប់គ្រងដោយមន្ត្រីបារាំងម្នាក់ អមដោយក្រុមប្រឹក្សាមួយមានសមាជិកជាតិបារាំង៦នាក់ ជនបរទេស៤នាក់ និងខ្មែរ៣នាក់។
[កែប្រែ]ដំណាក់កាលទី៣
ក្នុងឆ្នាំ១៨៨៧ មុនវាយដណ្ដើមប្រទេសឡាវ បារាំងមានគម្រោងបង្កើតសហព័ន្ធមួយនៅលើទឹកដីទាំងឡាយដែលខ្លួនកាន់កាប់ហៅថា សហព័ន្ធឥណ្ឌូចិន។ ដប់ឆ្នាំក្រោយមក(១៨៩៧) ទើបសហព័ន្ធឥណ្ឌូចិនបានត្រូវបង្កើតឡើង ដោយមានការតែងតាំងអគ្គទេសាភិបាលមួយសម្រាប់ឥណ្ឌូចិនទាំងមូល។ ដូចនេះប្រទេសកម្ពុជាជាដែនដីមួយចំណែករបស់បារាំង ដែលមាននាទីត្រូវផ្ដល់ផលិតផលកសិកម្ម និងវត្ថុធាតុដើមសម្រាប់ប្រទេសបារាំង។
[កែប្រែ]បញ្ហាដែនដីកូសាំងស៊ីន និងព្រំប្រទល់

តើបារាំងជាន់លើទឹកដីឥណ្ឌូចិនដោយរបៀបណា?
ដោយយកលេសថា ស្ដេចយួនធ្វើទុក្ខបុកម្នេញលើរូបអ្នកផ្សាយសាសនាជាតិបារាំង ពួកនេះក៏បានវាយយកកំពង់ផែយួន តួរ៉ាន នៅថ្ងៃទី១ ខែកញ្ញា ១៨៥៨។ បន្ទាប់មកបន្ទាយព្រៃនគរត្រូវបារាំងវាយយកបាននៅថ្ងៃទី១៧ ខែ កុម្ភៈ ១៨៥៩ទៀត។ តាមសន្ធិសញ្ញាចុះថ្ងៃទី៥ កក្កដា ១៨៦២ ស្ដេចយួនទីឌឹកបានទទួលស្គាល់ជាកម្មសិទ្ធិរបស់បារាំងនូវខេត្តបៀនវ៉ា យ៉ាឌិញ ឌិញទឿង(មេសរ) និងកោះត្រឡាច ដែលយួនបានប្រវ័ញ្ចយកពីខ្មែរពីមុនមក។
មកដល់គ.ស. ១៨៦៤ ព្រះបាទនរោត្ដម អមដោយលោកឌូដាដឺឡាក្រេ(Doudart de lagrée)ផង បានយាងទៅ ជួបលោកទេសាភិបាល ឡាក្រង់ឌីយ៊ែ(La Granduére)នៅព្រៃនគរ ហើយធ្វើសំណូមពរឲ្យបារាំងបង្វិលសងខេត្តទាំងបីមកវិញ គឺ លង់ហោរ មាត់ជ្រូក និងពាម។ ឯបារាំងបានទទួលពាក្យជាមួយព្រះអង្គពីរឿងនេះហើយ។ ប៉ុន្តែនៅគ.ស. ១៨៦៧ ដោយខេត្តទាំងបីជាកន្លែងដែលយួនធ្វើសកម្មភាពប្រឆាំងបារាំង ពួកគេបានបញ្ចូលខេត្តទាំងនេះជាអាណានិគមរបស់ខ្លួន ដោយភ្លេចគិតដល់ពាក្យសន្យាជាមួយព្រះបាទនរោត្ដម។
ដូចនេះចាប់ពីឆ្នាំ១៨៦៧ ទឹកដីកម្ពុជាក្រោមទាំងមូលក្លាយជាអាណានិគមរបស់បារាំង។ ឯកម្ពុជាលើតាមលក្ខន្តិកៈ ជាប្រទេសក្រោមអាណាព្យាបាល។ ម្ល៉ោះហើយអាជ្ញាធរបារាំងនៅកូសាំងស៊ីន តែងតែធ្វើការកែប្រែបន្ទាត់ព្រំដែនតាមទំនើងចិត្តដោយសំអាងលើបញ្ហានយោបាយ និងសេដ្ឋកិច្ច។ ហើយការកែប្រែសុទ្ធតែចំណេញទឹកដីទៅខាងកូសាំងស៊ីនជានិច្ច ដោយមិនអើពើដល់ការតវ៉ារបស់ព្រះរាជាខ្មែរ និងមិនស្នើសួរព្រះយោបល់ផងទេ
ចាប់ពីឆ្នាំ១៨៩៣ ដល់១៩១៤ ប្រទេសខ្មែរត្រូវបាត់បង់ទឹកដីថែមទៀតព្រមទាំងកោះ ដូចជាកោះត្រល់ជាដើម ដោយបារាំងប្រវ័ញ្ចយកទៅ បញ្ចូលក្នុងអាណានិគមកូសាំងស៊ីន ឬក្នុងប្រទេសអណ្ណាមទៅវិញ។
[កែប្រែ]ចលនាបះបោរប្រឆាំងនឹងបារាំងក្រោយសន្ធិសញ្ញាឆ្នាំ១៨៦៣ និង១៨៨៤

ទោះបីសន្ធិសញ្ញាថ្ងៃទី១១ សីហា ឆ្នាំ ១៨៦៣ ស្ថិតនៅក្នុងការផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក៏ដោយ ក៏អ្នកស្នេហាជាតិបានក្រោកឈរកាន់អាវុធប្រឆាំងនឹងការប៉ុនប៉ងរបស់បារាំងក្នុងការត្រួតត្រាប្រទេសខ្មែរដែរ។ បន្ថែមលើនេះសន្ធិសញ្ញាថ្ងៃទី១៧ មិថុនា ១៨៨៤ រឹតតែបង្កភាពក្ដៅក្រហាយទ្វេឡើងគ្រប់ស្រទាប់ប្រជាជនខ្មែរ ដែលនាំឲ្យកើតមានចលនាតស៊ូជាហូរហែ៖
[កែប្រែ]ចលនាតស៊ូរបស់អាចារ្យស្វា(១៨៦៤ - ១៨៦៦)
តាមពាក្យតំណាលតៗមក លោកអាចារ្យស្វាជាខ្ញុំបម្រើរបស់នាម៉ឺនម្នាក់នៅរាជធានីឧដុង្គ។ ពេលបារាំងមកតាំងអាណាព្យាបាលលើប្រទេសខ្មែរនៅគ.ស ១៨៦៤ លោកអាចារ្យស្វាបានភៀសទៅកទ័ពវាយយកបានខេត្តទ្រាំង(កំពត - តាកែវ) ហើយលើឆ្ពោះមកក្រុងភ្នំពេញទៀត។ ក្រោយមកកងទ័ពព្រះបាទនរោត្ដម ដោយមានជំនួយពីកងទ័ពបារាំង បានធ្វើប្រតិបត្តិការសឹកដេញតាមចាប់លោកបាននៅថ្ងៃទី ១៩ សីហា ១៨៦៦។ លោកត្រូវបារាំងនិរទេសយកទៅដាក់នៅកោះត្រឡាច រួចបញ្ជូនទៅកោះរេអុយនីញុង(Réunion) ហើយទីបំផុតបញ្ជូនទៅកោះអង់ទី(Antilles)។
[កែប្រែ]ចលនាបះបោររបស់ពោធិកំបោរ(១៨៦៥ - ១៨៦៧)
លោកពោធិកំបោរជាព្រះសង្ឃមួយអង្គ មានដើមកំណើតនៅខេត្តរោងដំរី។ នៅគ.ស ១៨៦៥ បារាំងបានផ្ដល់មធ្យោបាយជាលុយកាក់ឲ្យលោករស់នៅព្រៃនគរ ដើម្បីឃ្លាំមើលសកម្មភាពលោកតែប៉ុណ្ណោះ។ ខែឧសភា ១៨៦៦ លោកបានភៀសខ្លួនចូលទៅខេត្តរោងដំរី ហើយកទ័ពនៅទីនោះ។ នៅខែក្រោយមកមានមេទាហានបារាំងពីរនាក់ ត្រូវអ្នកស្នេហាជាតិខ្មែរសម្លាប់។ ទ័ពបារាំងនៅព្រៃនគរ បានលើកទៅបម្រុងនឹងកម្ចាត់លោក។ នៅខែធ្នូ ១៨៦៦ លោកបានឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និងភ្នំពេញ។ ប៉ុន្តែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង រាស្ត្រក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពលោកពោធិកំបោរបានបរាជ័យនៅជាយភ្នំពេញ។ ពោធិកំបោររត់ទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យកក្បាលមកដោតនៅក្រុងឧដុង្គនៅខែធ្នូ១៨៦៧។
[កែប្រែ]ចលនាបះបោររបស់ស៊ីវត្ថា(១៨៦១ - ១៨៩១)
ព្រះអង្គស៊ីវត្ថាត្រូវជាបុត្រាទី៣ របស់ព្រះបាទអង្គឌួង។ ដោយសារការច្រណែននឹងព្រះរាមទាំងពីរ គឺនរោត្ដម និងស៊ីសុវត្ថិដែលមានសិទ្ធិឡើងសោយរាជ្យ ព្រះអង្គក៏គេចបាត់ពីរាជធានីតែម្ដង(គ.ស ១៨៦១)។
ពីឆ្នាំ១៨៦១ - ១៨៦២ ទោះបីពុំមានវត្តមានព្រះអង្គស៊ីសុវត្ថាក៏ដោយ ចលនាបះបោរដែលបង្កដោយបក្សពួកព្រះអង្គបានលើកទៅវាយបានក្រុងភ្នំពេញ រួចកាន់កាប់រាជធានីឧដុង្គទៀត។ ព្រះបាទនរោត្ដមភៀសខ្លួនទៅសៀម ហើយយាងត្រឡប់មកវិញនៅខែមីនា ១៨៦២ បន្ទាប់ពីចលនាបះបោរត្រូវបានបង្ក្រាប។
នៅគ.ស ១៨៧៦ ព្រះអង្គស៊ីសុវត្ថាបានប្រឡប់ចូលស្រុកវិញ ហើយបំបះបំបោររាស្ត្រម្ដងទៀតនៅត្រង់បាភ្នំ រំដួល ព្រៃវែង។ តែលើកនេះ ព្រះមហាឧបរាជស៊ីសុវត្ថិ ត្រូវចាត់ឲ្យចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយពីទ័ពបារាំងផង។ ព្រះអង្គស៊ីសុវត្ថាបានដកខ្លួនថយទៅប្រទេសឡាវភាគខាងត្បូងនៅខែកុម្ភៈ ១៨៧៧ ដើម្បីរង់ចាំឱកាសល្អ។ ឱកាសល្អបានកើតមានឡើង នៅពេលចុះហត្ថលេខាដោយបង្ខំលើសន្ធិសញ្ញា ព្រះបាទនរោត្ដម ថុំសុន។ នៅឆ្នាំ ១៨៨៥ ព្រះអង្គស៊ីសុវត្ថាបានរៀបចំខ្លួនប្រុងវាយឧដុង្គ ប៉ុន្តែត្រូវអាក់ខានទៅវិញ ហើយបានដកខ្លួនទៅព្រំដែនសៀម។
ក្នុងខែឧសភា ១៨៨៦ បក្សពួករបស់ព្រះអង្គស៊ីសុវត្ថាចំនួន៥០០០នាក់ ចូលវាយភ្នំពេញ តែត្រូវគេកម្ចាត់ចេញ។ បន្ទាប់ពីពេលនោះមករហូតដល់ឆ្នាំ១៨៩០ ការរំជើបរំជួលជាច្រើនកន្លែងបានធ្វើឲ្យកងទ័ពបារាំង និងកងទ័ពព្រះមហាក្សត្រ ខូចខាតយ៉ាងដំណំ។
ក្នុងខែមីនា ១៨៩០ ពួកអាណានិគមបារាំងបានស្នើសុំជួបជាមួយព្រះអង្គស៊ីសុវត្ថាដើម្បីធ្វើកិច្ចចរចា តែកិច្ចចរចានេះគ្មានលទ្ធផលអ្វីសោះ។
ក្នុងឆ្នាំ១៨៩១ ព្រះអង្គម្ចាស់ស៊ីសុវត្ថាបានទទួលមរណភាពដោយជម្ងឺនៅភាគខាងជើងសំបូរ។ ចលនាបះបោររបស់ព្រះអង្គក៏បែកខ្ញែកគ្នាបន្តិចម្ដងៗ។
[កែប្រែ]ចលនាបះបោរផ្សេងៗទៀត
ក្នុងឆ្នាំ១៨៨៥ ចលនាតស៊ូជាច្រើនបានផ្ទុះឡើងនៅខេត្តមួយចំនួន។ ពិសេសគឺ ចលនាតស៊ូដឹកនាំដោយ ពិស្ណុលោកឈូក និងក្រឡាហោមគង់។
ក្រឡាហោមគង់(១៨៨៥ - ១៨៨៦) ចលនាបះបោរនេះមានបំណងប្រយុទ្ធរំដោះខ្លួនពីអំពើជិះជាន់របស់ពួកអាណាព្យាបាល។ ក្រឡាហោមគង់បានទទួលការគាំទ្រពីប្រជាកសិករ ជនជាតិចិនមួយចំនួន និងព្រះសង្ឃ។ នៅឆ្នាំ១៨៨៦ បារាំងបានប្រើល្បិចអញ្ជើញក្រឡាហោមគង់មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់រហូតបាត់បង់ជីវិត។
វិស្ណុលោកឈូក(១៨៨៥ - ១៨៨៦) ចលនាបះបោរនេះចូលជាមួយក្រុមរបស់ក្រឡាហោមគង់យ៉ាងខ្លាំង។ នៅពេលធ្វើដំណើរមកចូលរួមកិច្ចចរចាតាមសំណើពួកបារាំង លោកត្រូវគេធ្វើឃាត។

ពួកមន្ត្រីបារាំងជាច្រើនបានយល់ថា គឺព្រះបាទនរោត្ដមនេះហើយជាអ្នកដឹកនាំចលនាតស៊ូប្រឆាំងបារាំងនេះឯង។ ព្រះអង្គយល់ថា ការបង្ខំឲ្យទទួលយកសន្ធិសញ្ញាថ្ងៃទី១៧ មិថុនា ១៨៨៤ ជាបញ្ហាយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ទ្រង់បានរកមធ្យោបាយរំដោះប្រទេសព្រះអង្គដើម្បីឲ្យរួចពីនឹមត្រួតត្រាផ្ទាល់របស់បរទេស។
[កែប្រែ]ព្រឹត្តិការណ៍ថ្ងៃទី១៨ មេសា ១៩២៥
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ១៩២៥ នាភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានចលនាបះបោរមួយបានកើតឡើងផងដែរ។ ចលនាបះបោរនេះបង្កឡើងដោយមេក្រុមពីរនាក់ ឈ្មោះ ជួន និង នៅ ដែលបានប្រមូលបក្សពួករបស់គេតាមវាយប្រហារបារាំងនៅទីនោះ។ ក្នុងពេលដែលលោករេស៊ីដង់មោនសៀឡាត់មីនីស្ត្រាទ័រ(បាដេស) បានចុះទៅទារពន្ធដោយផ្ទាល់នៅសាលាឃុំក្រាំងលាវ ប្រជាជនដែលមិនសប្បាយចិត្តនឹងការគាបសង្កត់ទារពន្ធដារគ្រប់បែបយ៉ាងរបស់បារាំងបាននាំគ្នាតវ៉ាប្រឆាំង។ ការណ៍នេះបានផ្ដល់ឱកាសឲ្យចលនារបស់ជួន និងនៅ ដែលបង្កប់ខ្លួននៅទីនោះងើបឡើងបំបះបំបោរប្រជាជន រួចក៏បានសម្លាប់លោករេស៊ីដង់បាដេស អ្នកបកប្រែភាសាបារាំងម្នាក់ និងកងរក្សាស្រុកម្នាក់។ ចលនានេះបានធ្វើឲ្យបារាំងខឹងសម្បារយ៉ាងខ្លាំង រួចបានបង្គាប់ឲ្យព្រះបាទស៊ីសុវត្ថិចេញនូវព្រះរាជប្រកាសមួយប្ដូរឈ្មោះភូមិនេះ ពី ភូមិក្រាំងលាវ ទៅ ភូមិតិរច្ឆាន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩២៥។
Grab this Widget ~ Blogger Accessories