ចលនាអក្សរសិល្ប៍ខ្មែរ ត្រូវបានបែងចែកជាបួនផ្នែកគឺ៖
អក្សរសិល្ប៍ពុទ្ធនិយម៖
ខ្លឹមសាររឿងបានបង្ហាញពីជាតិកំណើតព្រះពោធិសត្វ ការសរជាតិ ឬខ្លឹមសារមួយចំនួនបម្រើទ្រឹស្តី ឬពាក្យទូន្មានរបស់ព្រះពុទ្ធអង្គ។ ការដោះស្រាយទំនាស់គឺប្រើធម៌អហិង្សា ខន្តី ការមិនតបតដោយកម្រោល។ គេចែកអក្សរសិល្ប៍ពុទ្ធនិយម ជាពីរទៀតគឺ៖ ពុទ្ធនិយមសុទ្ធសាធ មាននៅក្នុងរឿងទសជាតក ដូចជា៖ សុវណ្ណសាមជាតក ព្រះវេស្សន្តរជាតក ជាដើម និង ពុទ្ធនិយមក្លាយ មាននៅក្នុងរឿងបញ្ញាសជាតក ដូចជា រឿងសពសិទ្ធ រឿងក្រុងសុរាម្រិត ជាដើម។
អក្សរសិល្ប៍ព្រហ្មនិយម៖
ខ្លឹមសាររឿងបានបង្ហាញពីការបង្ក្រាបនៃសភាវៈល្អ ទៅលើ សភាវៈអាក្រក់។ ការដោះស្រាយគឺដោយប្រើសង្គ្រាមវេទមន្ត មហិទ្ធិរិទ្ធសម្រាប់ដោះស្រាយបញ្ហាទំនាស់។ ឧទា. រឿងរាមកេរ្តិ៍ ... ។
អក្សរសិល្ប៍ខេមរនិយម៖
រឿងនេះបានបង្ហាញពីបញ្ហានានាច្រើនករណី ដែលកើតមានឡើងនៅក្នុងសង្គមមនុស្ស ដូចជាបញ្ហាស្នេហា ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ជីវភាពរស់នៅក្នុងសង្គម។ វិធីដោះស្រាយក្នុងរឿងច្រើនប្រើសមត្ថភាពផ្ទាល់ខ្លួន។ ឧទា. រឿងកុលាបប៉ៃលិន រឿងផ្កាស្រពោន ... ។
អក្សរសិល្ប៍បរទេសនិយម៖
ខ្លឹមសារនៃរឿងបានបង្ហាញពីបញ្ហាទំនាក់ទំនង រឿងរ៉ាវផ្សេងៗនៅ ប្រទេសដទៃ ឬក៏ជារឿងដែលធ្វើការបកស្រាយ ប្រែមកពីភាសាគេ មកជាភាសាជាតិខ្មែរ នៅរក្សាខ្លឹមសារដដែល។ ការដោះស្រាយរឿងស្របតាមស្ថានភាពពិតៗនៅជាតិសាសន៍នោះ។ ឧទា. រឿងភ្នំក្រហម ... ៕

.jpg)















