ជីវប្រវត្តិភិរម្យភាសាអ៊ូហៅង៉ុយ

អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជា ចៅពញាធម្មធារា។ ចៅពញា អ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្មស្រុកជាមួយគ្នា។ លោកជាកូនទីពីរ នៅក្នុងគ្រួសារ។កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបាន បួសជាសាមណេរនៅក្នុងវត្ដ។ ប៉ុន្មានឆ្នាំក្រោយមកលោក បានចាកសិក្ខាបទទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀន របស់ឪពុកលោកក្នុងការ ដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំ លោកបានបំពេញអុបសម្បទាជាភិក្ខុ នៅ ក្នុងវត្ដដដែលដោយមានអុបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចា លោកគ្រូសូត្រឆ្វេងនាម អ៊ុង ជាអនុស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹងចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋាន ក្នុងសំណាក់លោកអាចារ្យច្រើនកន្ែលងទៀត។ លោក បានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកបជីវភាព ជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយ មានងារជាក្រមផងជាស្មៀនផង។ ដល់ពេលសុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជា កសិករធម្មតា។លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិ លោកទាំងគតិធម៌ ច្រើន ព្រមទាំងចេះច្រៀងចេះភ្លេង និងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អាន ទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយគេ និយមហៅលោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំ បុក។ ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ ពេលលោកសូត្រកំណាព្យ លោកតែង ដេញខ្សែដៀវកំដរ។ ខ្សែដៀវគាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេល ណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោកសាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែ រួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។ ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅ ច្រៀង រឺទេសនា ក្នុងពេលមានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេ ប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែងប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរ ឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដអុណាលោម ហើយឆ្លៀតពេលនោះ ដើម្បីពិគ្រោះពិភាក្សាជា មួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ក្នុងការច្រៀងក្ដី​ ទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ មកធ្វើជាប្រធានបទដូច ជាច្រៀង៖
អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
អំពីការជ្រើសរើសគូស្រករ
អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្ែមរ
អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាអែង ទាំងគ្រហស្ថ ទាំងអ្នក បួស
អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
អំពីការបាត់បង់អែករាជ្យ និង អត្ថភាពខ្មែរ
អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ
Grab this Widget ~ Blogger Accessories